Welcome to my blog!

Meet the Author

សួស្តីចំពោះការចូលមកកានគេហទំព័រនេះសូមអគុណ ចំពោះការលើកទឹកចិត្តរបស់អ្នក!

Looking for something?

Subscribe to this blog!

Receive the latest posts by email. Just enter your email below if you want to subscribe!

Thursday, November 26, 2015

សភា​អឺរ៉ុប​ជំរុញ​កម្ពុជា​ផ្ដល់​អភ័យ​ឯកសិទ្ធិ​ឲ្យ​លោក សម រង្ស៊ី និង​ទម្លាក់​បទ​ចោទ​នានា



សភា​អឺរ៉ុប ចេញ​ផ្សាយ​ញត្តិ​អំពាវនាវ​ឲ្យ​រដ្ឋសភា​កម្ពុជា ផ្តល់​អភ័យ​ឯកសិទ្ធិ​សភា​ដល់ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ សភា​អឺរ៉ុប ក៏​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្មជន និង​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង និង​ទម្លាក់​ចោល​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ផង​ដែរ។
សមាជិក​សភា​អឺរ៉ុប ជិត ៥០​រូប​មក​ពី​និន្នាការ​នយោបាយ​ផ្សេង​គ្នា លើក​ឡើង​ពី​ក្តី​កង្វល់​មួយ​ចំនួន​ជុំវិញ​ស្ថានការណ៍​នយោបាយ និង​សង្គម​នៅ​ប្រទេស​កម្ពុជា ដែល​កំពុង​ស្ថិត​ក្នុង​ភាព​ចម្រូងចម្រាស។ តាម​រយៈ​ក្តី​កង្វល់​នេះ សភា​អឺរ៉ុប អំពាវនាវ​ដល់​មន្ត្រី​ជាន់​ខ្ពស់​របស់​ខ្លួន គឺ​អនុប្រធាន​នៃ​តំណាង​ជាន់​ខ្ពស់​សហភាព​អឺរ៉ុប ទទួល​បន្ទុក​គោល​នយោបាយ​សន្តិសុខ និង​កិច្ចការ​បរទេស ឲ្យ​លើក​ឡើង​ពី​ស្ថានភាព​នយោបាយ ច្បាប់ និង​សិទ្ធិ​មនុស្ស ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដោយ​មិន​មាន​ការ​បង្អែបង្អង់។
នៅ​ក្នុង​ញត្តិ​ចំនួន ៣ ដាច់​ដោយ​ឡែក​ពី​គ្នា ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ សភា​អឺរ៉ុប សម្ដែង​ក្តី​ព្រួយ​បារម្ភ​ចំពោះ​ភាព​តានតឹង​ដែល​កំពុង​កើត​មាន​ឡើង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​គណបក្ស​ប្រឆាំង។
សភា​អឺរ៉ុប ថ្កោលទោស​ចំពោះ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​អ្នក​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ពីរ​រូប គឺ​លោក គង់ សភា និង​លោក ញ៉យ ចំរើន ដែល​បាន​ប្រព្រឹត្ត​នៅ​មុខ​រដ្ឋសភា កាល​ពី​ចុង​ខែ​តុលា កន្លង​ទៅ។ សភា​អឺរ៉ុប អំពាវនាវ​ឲ្យ​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា ការ​គំរាម​កំហែង និង​ការ​រំលោភ​បំពាន​ផ្សេងៗ​ទៅ​លើ​សកម្មជន និង​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ព្រម​ទាំង​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា ធ្វើ​ការ​ឲ្យ​បាន​សកម្ម ដើម្បី​ធានា​សុវត្ថិភាព​ចំពោះ​សមាជិក​សភា និង​នាំ​ខ្លួន​ជន​ពាក់ព័ន្ធ​ក្នុង​ការ​វាយ​ប្រហារ​ដោយ​ហិង្សា​លើ​អ្នក​តំណាង​រាស្ត្រ មក​ផ្ដន្ទាទោស​តាម​ច្បាប់។
ទាក់ទង​នឹង​ករណី លោក សម រង្ស៊ី សភា​អឺរ៉ុប អំពាវនាវ​ដល់​រដ្ឋសភា​កម្ពុជា ឲ្យ​ផ្តល់​អភ័យ​ឯកសិទ្ធិ​ជូន លោក សម រង្ស៊ី វិញ។ ក្រៅ​ពី​នេះ សភា​អឺរ៉ុប ក៏​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ទម្លាក់​ចោល​បទ​ចោទ​ទាំងឡាយ​ប្រឆាំង លោក សម រង្ស៊ី ព្រម​ទាំង​អនុញ្ញាត​ឲ្យ​រូប​លោក និង​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ផ្សេង​ទៀត ត្រឡប់​មក​កម្ពុជា វិញ​ដោយ​មិន​បារម្ភ​ពី​ការ​ចាប់​ខ្លួន ឬ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្សេងៗ។
កាល​ពី​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន លោក សម រង្ស៊ី ដោយ​ចោទ​ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង ប្រព្រឹត្ត​នៅ​សារមន្ទីរ​ជើង​ឯក កាល​ពី​ឆ្នាំ​២០០៨។ កាល​នោះ លោក សម រង្ស៊ី បាន​ចោទ លោក ហោ ណាំហុង បច្ចុប្បន្ន​ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស ថា​ជា​អតីត​ប្រធាន​គុក​បឹង​ត្របែក នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋសភា បាន​ទេ នៅ​ថ្ងៃ​ទី​២៥ វិច្ឆិកា ដើម្បី​ឆ្លើយ​តប​នឹង​សំណើ​របស់​សភា​អឺរ៉ុប នេះ។
ប៉ុន្តែ លោក សុខ ឥសាន ដែល​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា វិញ ឆ្លើយ​តប​ថា សភា​អឺរ៉ុប គួរ​តែ​គិតគូរ​ពី​បញ្ហា​សន្តិសុខ​ពិភពលោក​វិញ មិន​គួរ​ណា​យក​ករណី លោក សម រង្ស៊ី មក​និយាយ​នោះ​ទេ៖ «សភាពការណ៍​ឥឡូវ គឺ ISIS ទេ ដែល​វា​រាតត្បាត​ទូទាំង​ពិភពលោក។ អ៊ីចឹង​ឲ្យ​យក​ចិត្ត​ទុក​ដាក់។ អា​ហ្នឹង​ដែល​វា​ជា​គ្រោះ​មហន្តរាយ​សម្រាប់​មនុស្ស​ជាតិ​យើង។ ពាក់ព័ន្ធ​នឹង​ឯកឧត្តម សម រង្ស៊ី គួរ​តែ​ហៅ​ឯកឧត្តម សម រង្ស៊ី ទៅ​ណែនាំ កុំ​ឲ្យ​ធ្វើ​ផ្ដេសផ្ដាស​ទៅ​ធ្វើ​រំលោភ​ច្បាប់ ដល់​ពេល​គេ​អនុវត្ត​ច្បាប់ រត់​មក​ឱប​ជើង​ឱប​ដៃ​ស្អី​ទៀត»
ជុំវិញ​រឿង​សិទ្ធិ​មនុស្ស​វិញ សភា​អឺរ៉ុប អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា បញ្ឈប់​ការ​ប្រើប្រាស់​អំណាច​នយោបាយ​ទៅ​លើ​ប្រព័ន្ធ​តុលាការ និង​ដោះ​លែង​សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ពន្ធនាគារ ជាពិសេស គឺ​បញ្ចប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​ចំពោះ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស។ លើស​ពី​នេះ សមាជិក​សភា​អឺរ៉ុប ចង់​ឃើញ​អាជ្ញាធរ​កម្ពុជា គោរព​អ្វី​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា ឲ្យ​បាន​ពេញលេញ ទាក់ទង​ទៅ​នឹង​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស សេរីភាព​បញ្ចេញ​មតិ និង​សេរីភាព​នៃ​ការ​ជួប​ប្រជុំ ពិសេស​ធ្វើ​ការ​ផ្សព្វផ្សាយ​អំពី​សិទ្ធិ និង​សេចក្តី​ថ្លៃថ្នូរ​របស់​ប្រជាជន​កម្ពុជា តាម​រយៈ​ការ​គាំពារ​សិទ្ធិ​នយោបាយ និង​សិទ្ធិ​ពលរដ្ឋ។
អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បញ្ជាក់​ត្រង់​ចំណុច​នេះ​ថា តុលាការ​កម្ពុជា តែង​អនុវត្ត​ការងារ​តាម​ឯករាជ​ភាព​របស់​ខ្លួន ដោយ​មិន​រង​សម្ពាធ​នយោបាយ​ណា​មួយ​ឡើយ៖ «អង្គ​ហេតុ និង​អង្គ​ច្បាប់ ជា​សេចក្តី​វិនិច្ឆ័យ​របស់​តុលាការ​កម្ពុជា មិន​មែន​តុលាការ​អឺរ៉ុប នោះ​ទេ។ យើង​ដឹង​ហើយ​ថា តុលាការ​ជា​ស្ថាប័ន​ឯករាជ្យ​ដែល​គ្មាន​នរណា​ប៉ះពាល់ ដោយសារ​ការ​វិនិច្ឆ័យ​របស់​តុលាការ​ជា​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​កម្ពុជា»
ក្រៅ​ពី​បញ្ហា​នយោបាយ និង​សិទ្ធិ​មនុស្ស សភា​អឺរ៉ុប ក៏​បាន​សង្កត់​ធ្ងន់​ទៅ​លើ​ការ​បង្កើត​ច្បាប់​មួយ​ចំនួន​ដែរ ដែល​មាន​លក្ខណៈ​រឹតត្បិត​ដល់​សេរីភាព​បញ្ចេញ​មតិ និង​ការ​ប្រមូល​ផ្តុំ។ នោះ គឺ​ជា​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​ត្រូវ​បាន​រដ្ឋសភា​អនុម័ត​កាល​ពី​ខែ​កក្កដា កន្លង​ទៅ និង​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សហជីព ដែល​កំពុង​ត្រូវ​បាន​ពិភាក្សា។ សភា​អឺរ៉ុប ពិនិត្យ​ឃើញ​ថា ច្បាប់​ទាំង​ពីរ​នេះ​ត្រូវ​បាន​តាក់​តែង​ឡើង​ដោយ​មិន​ស្រប​តាម​បទដ្ឋាន និង​និយាម​អន្តរជាតិ ហើយ​និង​មាន​ចំណុច​រសើប​ជាច្រើន ដែល​គ្រប់​ភាគី​ពាក់ព័ន្ធ​គួរ​តែ​ជជែក​គ្នា​ឲ្យ​បាន​ស៊ី​ជម្រៅ។ សភា​អឺរ៉ុប ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា លុប​ចោល​ច្បាប់ និង​ពង្រាង​ច្បាប់​នេះ​ចេញ។
បន្ថែម​ពី​លើ​នេះ សភា​អឺរ៉ុប ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ក្រោម​សន្ធិសញ្ញា និង​កតិកាសញ្ញា​ផ្សេងៗ ដែល​ខ្លួន​ជា​ភាគី​ស្រាប់ ហើយ​និង​ត្រូវ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ទីភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ ដូចជា​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ជាដើម តាម​រយៈ​ការ​ពង្រឹង​កិច្ច​សន្ទនា និង​ការ​ធ្វើ​ការ​រួម​គ្នា៕
http://www.rfa.org/khmer/news/politics/EU-on-Rainsy-political-case-11252015000707.html

Related Posts:

  • Read More
  • The Background Khmer Leader in History ជីវប្រវត្តិ ខៀវ សំផន ខៀវ សំផន លោក ខៀវ-សំផនគឺ​ជា​អតីត​អ្នក​មាន​ឥទ្ធិពល​ម្នាក់​របស់​របបកម្ពុជាប្រជាធិបតេយ្យ(ខ្មែរ​ក្រហម)។ លោក​ធ្លាប់​បម្រើ​ជា​ប្រមុខរដ្ឋនិង​ជានាយករដ្ឋមន្ត្រីនៃ​របប​នេះ។ ជីវប្រវត្តិ លោកជា​អ្… Read More
  • The Background Khmer Leader in History ជីវប្រវត្តិ លន់ នល់ ប្រវត្តិ សេនាប្រមុខ លន់ នល់ លន់ នល់ (Lon Nol) ជាអ្នកនយោបាយ និង ជាឧត្តមសេនីយ៍ យោធាកម្ពុជា (សេនាប្រមុខ) ដែលធ្លាប់កាន់ តំណែងជា នាយករដ្ឋមន្ត្រី កម្ពុជា ២លើក និង ជារដ្ឋមន្ត្រី ការពារជាតិ ។ គាត់បា… Read More
  • Read More
  • The Background Khmer Leader in History ព្រះ​​រាជ​​ជីវប្រវត្តិ​ សីហមុនី នរោត្តម សីហមុនី ព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម-សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គ​ព្រះរាជ​សម្ភព​នា​ថ្ងៃ​ទី ១៤ ខែ​ឧសភា ឆ្នាំ​១៩៥៣។ ទ្រង់​ជា​ព្… Read More

0 comments:

Post a Comment