Welcome to my blog!

Meet the Author

សួស្តីចំពោះការចូលមកកានគេហទំព័រនេះសូមអគុណ ចំពោះការលើកទឹកចិត្តរបស់អ្នក!

Looking for something?

Subscribe to this blog!

Receive the latest posts by email. Just enter your email below if you want to subscribe!

Friday, November 27, 2015

The Background Khmer Leader in History

ជីវប្រវត្តិ សឺង ង៉ុកថាញ់



សឺង ង៉ុកថាញ់

វីរបណ្ឌិត សឺង ង៉ុកថាញ់ (ភាសាអង់គ្លេសៈSon Ngoc Thanh , ភាសាយួនៈ Sơn Ngọc Thành)កើតឆ្នាំ ១៩០៨ ស្លាប់ ១៩៧៧ នៅក្នុងគុកជីវ៉ា (Chí Hòa) របស់បក្សកុម្មុយនិស្តយួន ។ជាអតីតនា យករដ្ឋមន្រីខ្មែរឆ្នាំ ១៩៤៥ និង ១៩៧២ ,ជាអតីតប្រមុខចលនាខ្មែរសេរី និង កងកម្លាំងពិសេសខ្មែរ និងជាអ្នកបានបង្កើតសារព័ត៌ មានជាភាសាខ្មែរមុនដំបូងនៅកម្ពុជាឈ្មោះ«នគរវត្ត»នាឆ្នាំ ១៩៣៦ ។

ប្រវត្តិ


បណ្ឌិត សឺង ង៉ុក ថាញ់ កើតថ្ងៃច័ន្ទ ១៤ កើត ខែមិគសិរ ឆ្នាំ រកា ឯកស័ក ព.ស.២៤៥២ ត្រូវនឹងថ្ងៃទី ០៧ ខែធ្នូ គ.ស.១៩០៨ នៅ ភូមិគគីរក្រៅ ស្រុកកំពង់ធំ ខេត្តព្រះត្រពាំង (បច្ចុប្បន្នយួនៈẤp Kỳ La xã Hòa Thuận huyện Châu Thành tỉnh Trà Vinh)



សម្ព័ន្ធភាពគ្រួសារ




បណ្ឌិត សឺង ង៉ុក ថាញ់ ជាបុត្ររបស់លោកអភិបាលខេត្តព្រះត្រ ពាំង សឺង ណែវ និងលោកស្រី ថាច់ ធី តុប ។ បណ្ឌិត សឺង ង៉ុក ថាញ់ មានបងប្អូនប្រុសស្រី រួមផ្ទៃច្រើននាក់ដូចជា៖

  1. លោក សឺង ថាយ ស៊ុន (បងប្រុស)
  2. លោក សឺង ថាយ ហ្វៀន (បងប្រុស)
  3. អ្នកស្រី សឺង ធី ចាវ (បងស្រី)
  4. អ្នកស្រី សឺង ធី សឹម (បងស្រី)
  5. បណ្ឌិត សឺង ង៉ុក ថាញ់ (រូបលោក)
  6. លោក សឺង ថាយ ង្វៀង (ប្អូនប្រុស)
  7. អ្នកស្រី សឺង ធី ថែម (ប្អូនស្រី)
    ក្រៅពីនេះ បណ្ឌិត សឺង ង៉ុក ថាញ់ នៅមាន បងប្រុសស្រីរួមឱពុកម្តាយទីទៃ ៣ នាក់ ទៀត ត្រូវជាកូនរបស់ ប្រពន្ធទី ១ នៃលោកអភិបាលខេត្ត សឺងណែវ ។ ក្រោយពីប្រ ពន្ធទី ១ មានជម្ងឺស្លាប់ ទើបលោកអភិបាលខេត្តសឺងណែវបានរៀបមង្គលការជាមួយលោកយាយ ថាច់ ធី តុប ត្រូវជា ម្តាយរបស់បណ្ឌិត សឺង ង៉ុក ថាញ់ ។
    នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ១៩៣៨ បណ្ឌិត សឺង ង៉ុក ថាញ់ បានរៀប អាពាហ៍ពិពាហ៍នឹងលោកស្រី ឡាំ ធីអ៊ុក (អក្សរយួនៈLâmThị Út អង់គ្លេសៈ Lam Thi Ut) ត្រូវជាកូនស្រីទី ១០ របស់មហាសេដ្ឋី ឡាំ ទន់ (១៨៦៣_១៩៣៩)(ភាសាយួនៈ LâmTòan, អង់គ្លេសៈLam Toan) និងលោកយាយ ត្រឹង ធី ស៊ុក(ភាសាយួនៈTrần Thị Xúc , អង់គ្លេសៈTran Thi Xuc)នៅភូមិបាស្រែ(ក្បែរស្រះគូ) ខេត្តព្រះត្រពាំង ។
    លោកតាមហាសេដ្ឋី ឡាំ ទន់ (១៨៦៣ _១៩៣៩) និង លោកយាយ ត្រឹងធី ស៊ុក នៅភូមិ បាស្រែ (ក្បែរស្រះគូ) ស្រុកកំពង់ធំ (Châu Thành) ខេត្តព្រះត្រពាំង (Trà Vinh) ដែលត្រូវជាម្តាយឪពុករបស់លោកស្រី ឡាំ ធី អ៊ុក ជាភរិយារបស់បណ្ឌិត សឺង ង៉ុក ថាញ់ មានកូនប្រុសស្រី ចំនួន ១២ នាក់គឺ៖
    1. ឡាំ ធី សែន (ស្រី)
    2. ឡាំ ធី ឡែន (ស្រី)
    3. ឡាំ និញ (ប្រុស
    4. ឡាំ ធី យឿន (ស្រី)
    5. ឡាំ សឹម (ប្រុស)
    6. ឡាំ ធី ញ៉ី (ស្រី)
    7. ឡាំ ធី តូ (ស្រី)
    8. ឡាំ ធី ទ្រឿង (ស្រី)
    9. ឡាំ ធី ហាក (ស្រី)
    10. ឡាំ ធី អ៊ុក (ភរិយា សឺង ង៉ុក ថាញ់)
    11. ឡាំ ធី លន់ (ស្រី)
    12. ឡាំ ថាញ់ វិញ (ប្រុស)
    បណ្ឌិត សឺង ង៉ុក ថាញ់ និង លោកស្រី ឡាំ ធី​អ៊ុក មានបុត្រប្រុស ស្រីចំនួន ៤ នាក់ គឺ៖
    1. សឺង ហ្វា យ៉ិន (ស្រី)
    2. សឺង សេរីវុធ (ប្រុស)
    3. សឺង ទី ឡាយ (ប្រុស)
    4. សឺង ង៉ុក ម៉ាយ (ស្រី)
    5. ការសិក្សាអប់រំ

    6. បណ្ឌិត សឺង ង៉ុក ថាញ់ អាយុបាន ១១ ឆ្នាំ លោកអភិបាលខេត្តសឺង ណែវ ជាឪពុកបានស្លាប់​ចោលទុកឲ្យនៅក្រោមការបីបាច់ ថែរក្សាពីអ្នកម្តាយ​ឈ្មោះ ថាច់ ធី តុប ។ កាលនៅកុមារលោក បានរៀន​អក្សរខែ្មរនៅក្នុងវត្តសិលាជលធី(វត្តគគីរ) ស្រុកកំពង់ ធំ ខេត្តព្រះត្រពាំង។ ក្រោយមកលោកយាយ ថាច់ ធី តុប បាន បញ្ជូនលោកឲ្យទៅរៀននៅសាលាបឋម​សិក្សាជាន់ដំបូង នាទីរួមខេត្តព្រះត្រពាំង និងទៅបន្ត​ការសិក្សាថ្នាក់បឋមសិក្សា បំពេញវិជ្ជា នៅសាលា ឌូដាឌឺឡាក្រេ នាទីក្រុងភ្នំពេញ ។ ពេលបានបញ្ចប់ ថ្នាក់បឋមសិក្សាបំពេញវិជ្ជាហើយ លោកក៏បានទៅបន្តការសិក្សា នៅទីក្រុងព្រៃនគរ ។ លុះធំពេញវ័យលោកបានទៅបន្តការសិក្សា នាទីក្រុងប៉ារិស ប្រទេស​បារាំង ផ្នែកនីតិសាស្ត្រ ។ ពេលនោះ លោក សឺង ថាយ ង្វៀង ជាប្អូនប្រុសរបស់លោកក៏បានទៅបន្ត ការសិក្សានៅប្រទេសបារាំង ជាមួយលោកផងដែរ។


ការបង្កើតសារព័ត៌មាន «នគរវត្ត» ពីឆ្នាំ ១៩៣៦ដល់ ឆ្នាំ ១៩៤២

ឆ្នាំ ១៩៣៦ បណ្ឌិត សឺង ង៉ុក ថាញ់ , លោក ប៉ាច ឈឹន និង​លោក សឹម វ៉ា បាន​រួម​គ្នា​បង្កើត​សារព័ត៌មាន​ជាភាសា​ខ្មែរ​លើក​ដំ​បូងនៅ​ស្រុក​ខ្មែរ​ ឈ្មោះ «នគរវត្ត» ដែល​មាន​លោក ប៉ាច ឈឺន ជា​ចាងហ្វាង​នយោបាយ​សារព័ត៌មាន​មួយ​នេះ ។ រដ្ឋបុរស​ទាំងបី​រូប​នេះ កាលនោះ មាន​វ័យ​ខ្ទង់ ៣០ ឆ្នាំ បាន​ធ្វើការ​ទាក់​ទងយ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ពុទ្ធសាសនបណ្ឌិត្យ និង​ក្រោយ​មក គេ​បាន​តែង​តាំង​បណ្ឌិត សឺង ង៉ុក​ថាញ់ ជា​បណ្ណាគារក្ស​នៃ​ពុទ្ធសាសនបណ្ឌិត្យ ។

គោល​ជំហរ​របស់​កាសែត «នគរ​វត្ត» ពេលនោះ​ គឺសរសេរ​គាំទ្រ​ខ្មែរ ដោយ​មិន​ប្រឆាំង​បារាំងសែស ។​ កាសែត​នេះ​បាន​សរសេរ​ប្រឆាំង​នឹង​ការ​គ្រប​សង្កត់​របស់​ជន​ជាតិ​យួន​មក​លើ​រាជការ​នៃ​ប្រទេស​កម្ពុជា, ការ​គ្រប​សង្កត់​របស់​ចិន​មក​លើ​ពាណិជ្ជកម្ម ព្រម​ទាំង​និយាយ​អំពី​កង្វះ​ខាត​ការ​ងារសម​រម្យ​សម្រាប់​បញ្ញវន្ត​ខ្មែរ​។

បទ​និពន្ធ​ក៏​បាន​បន្ទោស​ឈ្មួញ​ចិន​នៅ​តាម​ជនបទ​ ដែល​ប្រកប​របរ​ឲ្យ​ខ្ចី​ប្រាក់​ ដោយ​យក​ការ​ប្រាក់​ខ្ពស់​បាន​ បន្ទោស​ការ​យឺត​យ៉ាវរបស់​បារាំងសែស​ក្នុង​ការ​ធ្វើ​ទំនើបនីយកម្ម​នៃ​ប្រព័ន្ធ​សិក្សា​អប់​រំ បាន​បន្ទោស​ការ​ខ្វះ​ខាត​ឥណទាន​សម្រាប់​កសិករ​ខ្មែរ​ខ្ចី​ និង​បន្ទោស​ការ​បើក​ប្រាក់​បៀវត្ស​តិច​ដល់​អ្នក​រាជការ​ខ្មែរ​ទាំង​ឡាយ​ផង​ដែរ ។ តែ​ការ​សំខាន់​ជាងនេះ​ទៅ​ទៀត កាសែត នគរ​វត្ត​ បាន​ប្រឹង​ប្រែង​បង្ហាញ​ថា ប្រវត្កិសាស្ត្រ​និង​ការ​ប៉ង​ប្រាថ្នា​ផ្សេងៗ របស់​ខ្មែរ​ ខុស​ប្លែក​គ្នា​ពី​ប្រវត្តិសាស្ត្រ និង​ការ​ប៉ង​ប្រាថ្នា​របស់​យួន ។ មាន​វិចារណកថា​មួយ​ ក៏​បាន​ប្រៀប​ធៀប​ការ​វាត​ទី​ទឹក​ដី​របស់​ហ៊ីត្លែរ​នៅ​ក្នុង​ទ្វីអឺរ៉ុប​ទៅ​នឹង​ការ​ពង្រីក​ទឹក​ដី​របស់​ប្រទេស​យួន មក​លើ​កម្ពុជា​ក្នុង​សតវត្ស​ទី ១៩ ។ គំនិត​​ប្រឆាំង​យួន​លេច​ឡើង​ជា​បណ្តើរៗ នៅ​ក្នុង​អត្ថបទ​កាសែត នគរ​វត្ត ដែល​ជា​គំនិត​មួយ​បាន​ហូរ​ចូល​ទៅ​ក្នុង​មនោគមវិជ្ជា​នៃ​គ្រប់​រដ្ឋាភិបាល​ខ្មែរ​ទាំង​ឡាយ ក្រោយ​ឯករាជ្យ​រហូត​ដល់​ការ​ឈ្លាន​​ពាន​របស់យួន​នៅ​ចន្លោះ​ឆ្នាំ ១៩៧៨-១៩៧៩ ។ ប៉ុន្តែ នៅ​ក្នុង​បរិបទ​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា​ផ្ទាល់ អ្វី​ដែល​សំខាន់​ពីកាសែត នគរវត្ត នោះ គឺ​ថា ជា​លើក​ដំបូង​ហើយ ចាប់​តាំង​ពី​ឆ្នាំ ១៨៦៣ មក ដែល​មាន​ការ​សាសង​ទាក់​ទង​គ្នា​រវាង «មេ​កម្លាំង» បារាំងសែល​ជាមួយ​នឹង «កូន​ក្មួយ» ខ្មែរ ដែល​បារាំងសែស​ប្រកាន់​ចោទ​ថា «ដេកសំងំ» ព្រម​ទាំង​វរជន​ខ្មែរ​ផង​ដែរ ។ នៅ​ដើម​ឆ្នាំ ១៩៣៧ កាសែត​នេះ​មួយលេខៗ មាន​បោះ​ពុម្ព​ចេញ​ផ្សាយ​ឲ្យ​ច្រើន​លើស​ពី​ ៥០០០ ច្បាប់ ហើយ​អ្នក​អាន​ប្រាកដ​ជា​មាន​ចំនួន​ច្រើន​លើសពី​នោះ​ទៅ​ទៀត ។

តើ​អ្នក​ណា​ជា​អ្នក​អាន​កាសែត​នេះ ? អ្នក​ណា​ជា​វរជន​ថ្មី ? ភាគ​ច្រើន​ហាក់​ដូច​ជា​បុរស​ខ្មែរ​ក្មេងៗ ​ដែល​ធ្លាប់​មាន​តួ​នាទី​ទាប​នៅ​ក្នុង​រាជការ​ ដែល​បាន​សិក្សា​យ៉ាង​ហោច​ណាស់​ក៏​មួយ​រយៈ​ពេល​ដែរ តាម​ប្រព័ន្ធ​សិក្សាបារាំងសែស ។ ពួក​អ្នក​ទាំង​នោះ​ភាគ​ច្រើន សុទ្ធ​សឹង​តែ​ជា​អ្នក​រស់​នៅ​ទី​ក្រុង​ភ្នំ​ពេញ ។ នៅ​ក្នុង​កំណត់​ប្រវត្តិរូប​អំពី​សម័យ​នោះ លោក ប៊ុណ្ណ​ចន្ទ ម៉ុល ដែល​ជា​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​របប​សាធារណរដ្ឋ​ខ្មែរ​បានថ្លែង​ថា កាសែត​នេះ ទុក​ខ្លួន​ថា មាន​បេសកកម្ម​ដាស់​តឿន​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​ភ្ញាក់​រឭក​។ រូបភាព​នេះ​ឋិត​នៅ​រហូត​មក​ដល់​ទសវត្ស​ឆ្នាំ ១៩៥០ គឺ​ពេល​ដែល​លោក សឺង ង៉ុក​ថាញ់ ត្រឡប់​មក​ពី​​ការ​និរទេស​វិញ ក៏​បាន​បង្កើត​កាសែត​ជាតិ​និយម​មួយ​ផ្សេង​ទៀត ដោយ​ដាក់​ចំណង​ជើង​ថា ខ្មែរ​ក្រោក ។​ កាសែត នគរ​វត្ត មាន​សារៈ​សំខាន់​ណាស់ ដោយ សារ​បាន​ផ្តល់​ឱកាស់​ដល់​ខ្មែរ​រាប់​ពាន់​នាក់​ឲ្យ​អាន​ព័ត៌មាន​ផ្សេងៗ ស្តី​ពី​ពិភព​លោក​ខាង​ក្រៅ ដែល​តែង​ជាភាសា​ខ្មែរ​ជា​លើក​ដំបូង​ក្នុង​សម័យ​នោះ ។

ការធ្វើបាតុកម្មទាមទារឲ្យដោះលែងអាចារ្យ ហែម ចៀវ និងការគេចពីការតាមចាប់ខ្លួន
ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ១៩៤៣ បារាំងបានចាប់ អាចារ្យ ហែម ចៀវ ជាសាស្ត្រាចារ្យសាលាបាលីជាន់ខ្ពស់ ។ រឿងនេះបានក្លាយទៅជាព្រឹត្តិការណ៍មួយដែលធ្វើឲ្យមជ្ឈដ្ឋាន ព្រះសង្ឃ និងនិស្សិតសាលាបាលីជាន់ខ្ពស់និងវត្តអារាមនា នាទូទាំងប្រទេសកម្ពុជាមានការរំជើបរំជួលយ៉ាងខ្លាំង ។ ក្រោយមក លោក នួន ឌួង(ធ្វើការនៅក្រុមជំនុំព្រះត្រៃបិតក) ក៏ត្រូវបារាំងចាប់ខ្លួនទៀត ។ដំណឹងស្តីពីការចាប់ខ្លួនព្រះអាចារ្យ ហែម ចៀវ និងលោកនួន ឌួង ត្រូវបានលេចឮសុះសាយគ្រប់ ទិសទី ។

ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ១៩៤២ បណ្ឌិត សឺង ង៉ុក ថាញ់ក៏សម្រេចធ្វើបាតុកម្ម ដើម្បីទាមទារ ឲ្យបារាំង ដោះលែងព្រះអាចារ្យ ហែម ចៀវ និង លោក នួន ឌួង មកវិញ ។នេះគឺជាមហាបាតុកម្មបានកើត ឡើងជាលើដំបូងក្នុងប្រវត្តិសាស្ត្រ នៃប្រទេសកម្ពុជា ដែលមានព្រះសង្ឃចូលរួមជាង ៥០០ អង្គ និងប្រជា ពលរដ្ឋជាង៥០០ នាក់ ។ ការធ្វើបាតុកម្មនេះ ត្រូវបានបារាំង និងពួកបរិវារបង្ក្រាប់យ៉ាងចាស់ដៃព្រមទាំងបានរកចាប់ ព្រះសង្ឃ និងគ្រហស្ថជាក្រុមបាតុករទាំងអស់ ដែលបារាំងចោទថាមេបះបោរយកទៅដាក់គុករួច និរទេសទៅកោះត្រឡាចរហូតដល់បានបាត់បង់ជីវិត ដូចជាព្រះអាចារ្យ ហែម ចៀវ ជាដើម ។ ចំណែក បណ្ឌិត សឺង ង៉ុក ថាញ់ បន្ទាប់ពីធ្វើបាតុ កម្មមិនបានសម្រេច «ឯករាជ្យបារាំងមិនព្រមប្រគល់ឲ្យ, ព្រះអាចារ្យ ហែម ចៀវ បារាំងក៏មិនព្រមដោះលែង ហើយថែមទាំងបង្ក្រាប់អ្នកតស៊ូដទៃទៀត» លោក​ ក៏បានភៀសខ្លួនទៅទីក្រុងបឹងកក់ ប្រទេសសៀម ហើយអាជ្ញាធរជប៉ុន ក៏បានយល់ព្រមផ្តល់សិទ្ធិជ្រក កោននយោបាយនៅប្រទេសជប៉ុន ។




ការឡើងធ្វើជានាយករដ្ឋមន្ត្រីនៅប្រទេសកម្ពុជា


ការឡើងធ្វើជានាយករដ្ឋមន្ត្រីនៅប្រទេសកម្ពុជាពី ថ្ងៃ ១៤ សីហា ១៩៤៥ ដល់ ១៦ តុលា ១៩៤៥។ នៅថ្ងៃទី ០៩ ខែមិនា ឆ្នាំ ១៩៤៥ ជប៉ុនបាន​ធ្វើរដ្ឋ ប្រហារឥណ្ឌូចិន រួចបានចាត់ទុកសន្ធិសញ្ញា បារាំង ខ្មែរ លាវ យួន ជាមោឃៈ និងបានចាប់ពួក អាជ្ញាធរ បារាំងដាក់គុកព្រមទាំងប្រកាសឯករាជ្យនៅឥណ្ឌូចិន ។ ពេលដែលកងទ័ពជប៉ុនគ្រប់គ្រងនៅប្រទេសកម្ពុជា បណ្ឌិត សឺង ង៉ុក ថាញ់ បានត្រឡប់ចូលស្រុកវិញ ហើយបានធ្វើជាទេសរដ្ឋមន្រ្តីទទួលកិច្ចការបរទេស ។ នៅថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ១៩៤៥ បណ្ឌិត​សឺង ង៉ុក ថាញ់ បានឡើងធ្វើជានាយករដ្ឋមន្ត្រី និង ដល់ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ១៩៤៥ បារាំងបានចូល មកត្រួតត្រាឥណ្ឌូចិនម្តងទៀតក៏បានចាប់ខ្លួន នាយក រដ្ឋមន្ត្រី​ សឺង ង៉ុក ថាញ់ ទៅដាក់គុកនៅ ព្រៃនគរ កូសាំងស៊ីន (កម្ពុជាក្រោម) ។ ក្រោយ មកបារាំងក៏បាននិរទេស បណ្ឌិត សឺង ង៉ុក ថាញ់ ទៅបង្ខាំងទុក​នៅ Poitiers ប្រទេសបារាំង ។ រយៈពេលដែលនៅ​ប្រទេសពេលនោះ បណ្ឌិត សឺង ង៉ុក ថាញ់ បាន​ឆ្លៀតរៀនបន្តរហូតដល់ បានប្រលងជាប់បរិញ្ញាប័ត្របណ្ឌិតផ្នែកច្បាប់ ។



ការបង្កើតសារព័ត៌មាន​«ខ្មែរក្រោក»


ថ្ងៃទី ០៩ ខែតុលា ឆ្នាំ ១៩៥១ បណ្ឌិត សឺង ង៉ុក ថាញ់ បានត្រឡប់ទៅ ប្រទេសកម្ពុជា ក្រោយពីការនិរទេសខ្លួនទៅនៅប្រទេសបារាំងអស់រយៈ ពេល ៦ ឆ្នាំ ។ ក្រោយពីត្រឡប់ទៅដល់ភ្នំពេញ បណ្ឌិត សឺង ង៉ុក ថាញ់ បានបង្កើតកាសែតមួយដែលមានឈ្មោះថា «ខ្មែរក្រោក» ដោយ បានធ្វើការពន្យល់អំពីឈ្មោះកាសែតនេះនៅក្នុងលេខចេញផ្សាយ ដំបូងថា«យើងដឹងហើយថា ប្រជារាស្ត្រខ្មែរដែលត្រូវបានគេចាក់ថ្នាំ សណ្តំអស់រយៈពេលជាយូរមកហើយនោះឡូវនេះដឹងខ្លួនវិញហើយ... ពេលនេះគ្មានឧបសគ្គណាមួយរារាំងការភ្ញាក់រឮកនេះមិនឲ្យវិវត្តទៅ មុខបានឡើយ » ។

ទិសដៅរបស់កាសែត «ខ្មែរក្រោក» គឺពន្យល់ឲ្យប្រជារាស្ត្រខ្មែរនា ពេលនោះបានយល់ថា «ខ្មែរមិនទាន់បានឯករាជ្យពិតប្រាកដទេ» ម្លោះហើយ ទើបកាសែតនេះ ត្រូវបានរដ្ឋាភិបាលបិទនៅដំណាច់ខែ កុម្ភៈ ឆ្នាំ ១៩៥២ ។



ការចូលរួមជាមួយ «ចលនាខ្មែរឥស្សរៈ»


នៅថ្ងៃទី ០៩ ខែមីនា ឆ្នាំ ១៩៥២ ដែលជាទិវាខួបលើកទី ៧នៃពលប្រ ហាររបស់កងទ័ពជប៉ុន បណ្ឌិត សឺង ង៉ុក ថាញ់បានភៀសខ្លួនចេញ ពីរាជធានីដោយបានយកទៅនូវវិទ្យុទាក់ទងមួយគ្រឿង និង រត់ទៅ ជាមួយបក្សពួកមួយចំនួនតូចដែលនៅក្នុង នោះមានបញ្ញវន្តឆ្វេង និយមដ៏ល្បីម្នាក់គឺលោកអៀ ស៊ីចូវ ។ ក្នុងរយៈពេលមួយខែ បណ្ឌិត សឺង ង៉ុក ថាញ់ បានចាត់តាំងបញ្ជាការដ្ឋាននៅតាមព្រំ ដែនថៃ នៅក្នុងតំបន់ភាគខាងជើងនៃខេត្តសៀមរាបដែលចូលកម្លាំង ជាមួយ«ខ្មែរឥស្សរៈ» មួយក្រុមដែលដឹក​នាំដោយលោក កៅ តក់ ដើម្បីប្រឆាំងអាណានិគមនិយមបារាំង ។


នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ១៩៥៤ សន្និសីទ​ក្រុង ហ្សឺណែវបាន ប្រកាសប្រគល់ឯករាជ្យដល់ប្រ ទេសឥណ្ឌូចិន ដែលមានកម្ពុជា កណ្តាល, លាវ និង យួន ចំណែកកូសាំងស៊ីន(កម្ពុជាក្រោម) ត្រូវ រាប់ជា ដីខាងត្បូង (Nam Kỳ) ។ ពេលនោះ ប្រទេសយួនត្រូវចែក ជាពីរភាគដាច់ដោយឡែកពីគ្នាគឺ ខាងជើងចាប់ ពីខ្សែស្របទី ១៧ ទៅទិសខាងជើងត្រូវឋិតនៅក្រោមការគ្រប់គ្រង របស់រដ្ឋាភិបាល សាធារណរដ្ឋប្រជាមា និតយួន ( Việt Nam DânChủ Cộng Hòa) ដែល មាន ហូ ជី ម៉ិញ ជាមេដឹកនាំឯភាគខាងត្បូងចាប់ ពីខ្សែស្រប ទី ១៧ ទៅទិសខាងត្បូងដែលមានដែន ដីចម្ប៉ា​ និង ដែនដីកម្ពុជា ក្រោម ត្រូវបានឋិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល សាធារ ណរដ្ឋយួន (Việt Nam Cộng Hòa) ដែលមាន ង៉ូ ដិញ យ៉េម (Ngô Đình Diệm) ជាប្រធានាធិបតី ។

នៅក្នុងឆ្នាំនេះដែរ បណ្ឌិត សឺង ង៉ុក ថាញ់ និងក្រុម «ចលនាខ្មែរឥស្សរៈ» បានធ្វើបុណ្យឯករាជ្យជាតិនៅភ្នំដងរែក ។ក្នុងពិធីនេះដែរបណ្ឌិត សឺង ង៉ុក ថាញ់ បានផ្តែផ្តាំថា « ពេលការតស៊ូរបស់យើងត្រូវបានចប់មួយរយៈ ដោយប្រទេសយើងបានឯករាជ​ ហើយ តែបេសកកម្មកូនខ្មែរនៅមិន ទាន់ចប់នៅ ឡើយទេ ក្នុងការការពារទឹកដីខ្មែរឲ្យបានគង់វង្ស និង ជា ពិសេស គឺការទាមទារទឹកដីកម្ពុជាក្រោម ដែលបានបាត់បង់មកវិញ» ។ ក្រោយមកកងទ័ព«ចលនាខ្មែរឥស្សរៈ» ក៏បានដាក់អាវុធចុះចូលរួមរស់ ក្នុងសង្គម ជាតិវិញ ។ ចំណែក បណ្ឌិត សឺង ង៉ុក ថាញ់ពេលនោះបំរុង នឹងចូលរួបរួមក្នុងមហាសង្គមជាតិដែរតែ​សម្តេចនរោត្តម សីហនុ បាន ជំទាស់ដំណើររបស់ លោក ។



ការបង្កើត«ចលនាខ្មែរសេរី»


ក្រោយពីប្រទេសកម្ពុជាបានទទួលឯករាជ្យពីបារាំងបណ្ឌិតសឺង ង៉ុក ថាញ់ បានត្រឡប់ទៅកម្ពុជា ក្រោមវិញនាខែមីនា ឆ្នាំ ១៩៥៧ ហើយបានលក់ នូវកេរមត៌កផ្តាល់ខ្លួនដើម្បី បង្កើតចលនាមួយហៅថា «ចលនាខ្មែរសេរី» ក្នុងគោលបំណង «តស៊ូដើម្បីសេរីភាព ខ្មែរក្រោម»ដែលត្រូវបានកំពុង ឋិតក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីយួនផ្តាច់ការកាន់សាសនា កាតូលិកម្នាក់ឈ្មោះ ង៉ូ ដិញ យ៉េម នៃរបបសាធារណ រដ្ឋយួននិងការ ឈ្លានពាននៃពួកយួនកុម្មុយនិស្តចូលទឹកដីកម្ពុជាក្រោម ។ «ចលនាខ្មែរសេរី» នេះ ត្រូវបានបង្កើតនៅថ្ងៃទី១៦ តុលា ១៩៥៨ ជាលើដំបូងនៅភូមិធំ សង្កាត់ឡុក និញ(Lộc Ninh) ខេត្តនាគគរី (Bình Long) កម្ពុជាក្រោមដោយមានសមាជិកចូលរួមប្រមាណជា ១៤០ អង្គ និង រូប ។

កងទ័ព «ចលនាខ្មែរសេរី» ភាគច្រើនសុទ្ធតែជា ខ្មែរក្រោមដែលមាន គំនិតជាតិសាសន៍ខ្ពស់ មានសតិ សម្បជញ្ញៈស្នេហាជាតិយ៉ាងមុះមុត មានចរិតរឹងប៉ឹង​អង់អាចក្លាហាននិងមានការអត់ធ្មត់ក្នុងការលំបាក គ្រប់បែបយ៉ាង ។

ក្នុងចំណោមកងទ័ពនេះ ក៏មានបង​ប្អូនកូនក្មួយជាច្រើននាក់របស់ បណ្ឌិតសឺង ង៉ុក ថាញ់ ទាំងខាងត្រកូលសឺងនិងទាំងខាងត្រកូល ឡាំ ដែលបានចូលរួមនិងពលកម្មក្នុងការតស៊ូនេះដែរ ។



អំពីយុទ្ធសាស្ត្ររបស់«ចលនាខ្មែរសេរី»


ប្រាំខែក្រោយពីបានបង្កើត«ចលនាខ្មែរសេរី»បណ្ឌិត សឺង ង៉ុក ថាញ់ និង សហការីបានបង្កើតមូលដ្ឋានទី ២ ហៅថា មូលដ្ឋាន ខូវណាម សម្រាប់រៀនអំពីគោលនយោបាយ វិជ្ជាយុទ្ធសាស្ត្រ ចារកិច្ចឃោសនា និង សេដ្ឋកិច្ច ។ល។ មូលដ្ឋាននេះ មានចម្ងាយ ពីមូលដ្ឋានភូមិធំ ប្រហែលជា ១០ គីឡូម៉ែត្រនៅខាងទិសពាយព្យ ។ ខូវណាម គឺជាឈ្មោះរបស់យុវជនខ្មែរក្រោមមួយរូប ដែលបានស្លាប់ បាត់ជីវិតដោយជម្ងឺគ្រុនចាញ់នៅក្នុងមូលដ្ឋានភូមិធំ ក្រោយពេលបាន រៀនវិជ្ជាយុទ្ធសាស្ត្រចប់ភ្លាម ។ បណ្ឌិត​សឺង ង៉ុកថាញ់ បានប្រសិទ្ធិ នាមយុវជនតស៊ូជំនាន់​នោះថាសិស្សជំនាន់ខូវណាម និង មូលដ្ឋាន នោះថា មូលដ្ឋានខូវណាម ។ ក្រោយមកបណ្ឌិតសឺង ង៉ុក ថាញ់ បាន បង្កើតមូលដ្ឋានមួយទៀតនៅទីក្រុងព្រៃនគរ សម្រាប់ហ្វឹកហាត់វិជ្ជាចារ កិច្ច ឃោសនាអប់រំ និងបណ្តុះបណ្តាលកម្លាំងស្នូលនៃ«ចលនាខ្មែរសេរី» ដែលមានឈ្មោះថាមូលដ្ឋាន គឹម សេដ្ឋា មានសិស្សប្រមាណ ៥០ រូប ដែលស្ម័គ្រចិត្តចូលរៀន ។ ក្នុងចំណោមសិស្សទាំងនេះមានសិស្សនារី ម្នាក់ឈ្មោះ គឹម សេដ្ឋា ត្រូវបានស្លាប់ក្នុងពេលកំពុងបំពេញសកម្មភាព ខាងវិទ្យុ ទើបបណ្ឌិត សឺង ង៉ុក ថាញ់ ជាប្រមុខនៃចលនានេះ បានប្រ សិទ្ធិនាមដល់មូលដ្ឋាននេះថា​មូលដ្ឋាន គឹម សេដ្ឋា​និងសិស្សជំ នាន់នោះថា សិស្សជំនាន់ គឹម សេដ្ឋា ។មូលដ្ឋាន គឹម សេដ្ឋា គឺជា មូលដ្ឋាននយោ បាយខាងធ្វើសង្គ្រាម ដែលបុគ្គលិកជំនាន់នោះបានចុះ ទៅគ្រប់ខេត្តទាំងអស់នៅដែនដីកម្ពុជាក្រោម ជាពិសេស នៅតំបន់តាម បណ្តោយជាយដែនកម្ពុជា និងកម្ពុជាក្រោម ដើម្បីបណ្តុះបណ្តាលកម្លាំង ចលនាខ្មែរសេរីស្នូល ។ ចលនាខ្មែរសេរីមានសកម្មភាពរីក​ឆាប់រហ័ស ណាស់ ដោយបានផ្សព្វផ្សាយសកម្មភាពរបស់ខ្លួនពាសពេញកម្ពុជា ក្រោមរហូតឆ្លងចូលដល់ប្រទេសកម្ពុជាទៀតបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ នៅកម្ពុជាមួយចំនួនធំភាគច្រើនជាមិត្តភក្តិរបស់លោកបានភៀសខ្លួន ពីកម្ពុជាទៅកម្ពុជាក្រោមរួមសហការជាមួយលោក ដើម្បីជួយបង្រៀន វិជ្ជាភូមិសាស្រ្ត ប្រវត្តិសាស្ត្រប្រវត្តិតស៊ូ និងអប់រំវិន័យទ័ព ។ល។



អំពីសង្រ្គាមនៅវៀតណាម


ចាប់ពីឆ្នាំ ១៩៥៤ ដល់ ឆ្នាំ ១៩៧៥ គឺជារយៈ ពេលមួយដែលឥណ្ឌូចិន ក្នុងនោះមានកម្ពុជាក្រោមផងដែរត្រូវបានឋិតនៅក្នុងភ្លើងសង្គ្រាម ។ នេះគឺជាសង្គ្រាមដែលបានកើតឡើងដោយភាគីទាំងពីរដែលមានភាគី សាធារណរដ្ឋវៀតណាម (Viet Nam Cong Hoa )និង សហរដ្ឋអាមេរិក នៅវៀតណាមខាងត្បូង (កម្ពុជាក្រោម) រួមជាមួយក្រុមសម្ព័ន្ធមិត្តនៃប្រ ទេសមួយចំនួនផ្សេងទៀតមានដូចជាអូស្ត្រាលី , New Zealand , កូរេ, ថៃឡង់ និង ភីលីភីន ដែលបានចូលរួមផ្ទាល់ ភាគីម្ខាងទៀតគឺ​ខាង សាធារណរដ្ឋប្រជាធិបតេយ្យយួន( Việt Nam Dân Chủ Công Hòa) នៅ វៀតណាមខាងជើងក្រោមការ​ដឹកនាំរបស់គណៈបក្សពលកម្មវៀត ណាម (ឈ្មោះ បក្សកុម្មុយនិស្តយួន ក្នុងសម័យសង្គ្រាមឥណ្ឌូចិន) រួម​ជាមួយក្រុមបក្សកុម្មុយនិស្តនៅខាងវវៀតណាមខាងត្បូង (កម្ពុជាក្រោម) ហើយមានការគាំទ្រពីប្រទេសសង្គមនិយម (កុម្មុយនិស្ត) មួយចំនួន ជាពិ សេសគឺ សូវៀត និង ចិន ។ សង្គ្រាមនេះ ពិតមែនតែ​គេហៅថា « សង្គ្រាមនៅវៀតណាម» តែវាត្រូវបាន រាលដាលទូទាំងតំបន់ឥណ្ឌូចិន ក្នុងនោះ ប្រទេស លាវ និង កម្ពុជា ត្រូវបានចូលរួមនៅក្នុងសង្គ្រាមនេះ ដែរ ។ ហេតុនេះហើយ បានជាគេចាត់ទុកសង្គ្រាម​នេះ គឺជាសង្គ្រាម ឥណ្ឌូចិនលើកទីពីរ ។

នៅវៀតណាម សារព័ត៌មាន និង សៀវភៅ យួន បានសរសេរព័ណ៌នា សង្គ្រាមនេះដោយដាក់​ឈ្មោះថា «ការតស៊ូប្រឆាំងអាមេរិកដើម្បីរំដោះ ប្រទេស» (Kháng Chiến Chống Mĩ Cứu Nước) និង ដើម្បីកំណត់ សំគាល់ឲ្យបានច្បាស់រវាងសង្គ្រាមដទៃ ៗ ទៀតដែលបានកើតឡើងនៅ ប្រទេសយួន ដូចជា សង្រ្គាម​ប្រឆាំងបារាំង,ប្រឆាំងជប៉ុន, និងប្រឆាំងចិន របស់ជនជាតិយួន ។ ក្រុមមនុស្សមួយចំនួនគេបានចាត់ឈ្មោះថា«ការតស៊ូ ប្រឆាំងអាមេរិកដើម្បីរំដោះប្រទេស» គឺជាឈ្មោះមួយមិនទាន់មានភាព សត្យានុម័ត ព្រោះនៅមានកត្តាសង្គា្រមផ្ទៃក្នុង ។

មនុស្ស មួយចំនួនផ្សេងទៀត បានចាត់ទុកឈ្មោះ «សង្គ្រាមនៅវៀតណាម» គឺជាឈ្មោះមួយដែលមានការពេញនិយមហៅចំពោះតែអ្នកនៅក្រៅ ប្រទេសឬនៅអ៊ឺរុប ។ តែចំពោះប្រវត្តិវិទូទាំងក្នុង និងក្រៅប្រទេសយួន បានឲ្យឈ្មោះសង្គ្រាមនេះថាជា «សង្គ្រាមនៅវៀត ណាម» ព្រោះវា មានភាពសត្យានុម័តជាង ។ «សង្គ្រាមនៅវៀតណាម» បានបញ្ចាប់ ដោយ ព្រឹត្តិការណ៍ ៣០ មេសា ឆ្នាំ ១៩៧៥ ពេលដែលប្រធានាធិ បតីយួនឈ្មោះ យឿង វ៉ាំង ម៉ិញ (Dương Văn Minh) នៃរបបសាធា រណរដ្ឋយួន (Việt Nam Cộng Hòa) សុំចុះចាញ់រណសិរ្សប្រជា ជនរំដោះវៀតណាម​ខាងត្បូង (Mặt Trận Dân Tộc Giải Phóng Miền Nam Vịệt Nam) បន្ទាប់មក រដ្ឋាភិបាលបណ្តោះ មួយឈ្មោះសាធារណរដ្ឋវៀតណាមខាងត្បូង (Cộng Hòa Miền Nam Việt Nam) ត្រូវបានកើតឡើង ។ ក្រោយមក រដ្ឋាភិបាលសាធារណរដ្ឋ ប្រជាមានិត យួនខាងជើង និង រដ្ឋាភិបាសាធារណរដ្ឋវៀតណាម ខាងត្បូង បានរួបរួមគ្នា នៅឆ្នាំ ១៩៧៦ ហើយដាក់​ឈ្មោះថា សាធារណ រដ្ឋសង្គមនិយមវៀតណាម (Cộng Hòa Xã Hội Chủ Nghĩa Việt Nam ) រហូតដល់បច្ចុប្បន ។



ការបបង្កើតកងកម្លាំងពិសេសខ្មែរ


ក្នុងពេលដែលឥណ្ឌូចិនកំពុងតែឋិតនៅក្នុងភ្លើងសង្គ្រាម លើកទី ២ ដែនដីកម្ពុជាក្រោមត្រូវបានឋិតនៅក្រោមការត្រួរត្រារបស់រដ្ឋាភិបាល សាធារណរដ្ឋវៀតណាម ហើយមានការប្រទាញប្រទង់សង្គ្រាមផ្ទៃក្នុង នៃជនជាតិយួន (លោកសេរី និង កុម្មុយនិស្ត) ខណៈនោះ ខ្មែរក្រោម ម្ចាស់ស្រុកជាច្រើនរួមទាំង ព្រះសង្ឃផង ត្រូវបានរបបសាធារណរដ្ឋ វៀតណាម ចាប់ផ្សឹកឲ្យទៅធ្វើជាទាហានកំណែនរបស់ពួកគេ និងខ្មែរ ក្រោមខ្លះចាញ់បោក យួនកម្មុយនិស្តក៏ចូលទៅបំរើឲ្យកងទ័ពរបស់ យៀកកុងដើម្បីប្រឆាំងរបបសាធារណរដ្ឋយួននិងអាមេរិកកាំង ។​ នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ១៩៦៣ បណ្ឌិត សឺង ង៉ុក ថាញ់ និងសហ ការីរបស់លោកបានបង្កើតកងកម្លាំងពិសេសខ្មែរនៅមណ្ឌលឡុកនិញ ។ បន្ទាប់មក កងទ័ពនៃ កងកម្លាំងពិសេសខ្មែរ ត្រូវបានដាក់ពង្រាយ​នៅតាមបណ្តោយព្រំដែនប្រទេសកម្ពុជានិងកម្ពុជាក្រោម (វៀតណាម ខាងត្បូង) សហការជាមួយកង​កម្លាំងសម្ព័ន្ធមិត្តរងចាំស្ទាក់ប្រ ហារពួកកងទ័ពយៀង​កុងចូលទឹកដីកម្ពុជា ។ កងកម្លាំងពិសេសខ្មែរ មានសហរដ្ឋអាមេរិកជាទីប្រឹក្សា មិនមែនជាទាហាន កំណែន របស់យួនសេរី នៃរដ្ឋការសាធារណរដ្ឋយួនឡើយ ។ គោលជំហររបស់ កងកម្លាំងពិសេសខ្មែរគឺប្រឆាំងនឹងយួន កុម្មុយនិស្ត ដែលចូលឈ្លានពានទឹកដីកម្ពុជាក្រោម និង កម្ពុជាកណ្តាលមិនមែនប្រឆាំង​សម្តេច នរោត្តម​​សីហនុ ឡើយ (សម័យនោះ សម្តេច នរោត្តម សីហនុ បានផ្តល់ឱកាសឲ្យពួក យៀកកុងយកទឹកដីកម្ពុជាធ្វើជាទីតាំងសម្រាប់វាយកងទ័ពអាមេរិកកាំង និង បានផ្តល់ស្បៀងអាហារជាដើមដល់កងទ័ពយៀកកុងទៀតផង ) ។



ទាហានរបស់កងកម្លាំងពិសេសខ្មែរដែលបានពលីជីវិតរួមមាន


  1. ដោយជម្ងឺ
  2. យុវជន ខូវ ណាម
  3. កញ្ញា គឺម សេដ្ឋា
  4. លោក ញ៉ឹក ញ៉ុក
  5. លោក ថាច់ ធ្វឹង សាវី
  6. លោក គឹម តុង
  7. លោក សឺង យឹម
  8. លោក ថា សី
  9. អ្នកស្រី ថាច់ ធី សោន ។ល។
ដោយប្រយុទ្ធជាមួយកងទ័ពយួន
  1. លោក សឺង សុវណ្ណ ( កូនប្រុស សឺង ង៉ុក ថាញ់ )
  2. លោក ឡាំ ថាញ់ ស៊ឺ
  3. លោក ថាច់ សួន
  4. លោក ថាច់ ដូប
  5. លោក ថាច់ សិក្សា
  6. លោក ថាច់ សុខ
  7. លោក ថាច់ លឿង
  8. លោក ថាច់ នេ
  9. លោក តោ ត្រាន់
  10. លោក ថាច់ សឹម
  11. លោក ថាច់ ខ្លាំង
  12. លោក ថាច់ ស៊ីវត្ថា
  13. លោក គឹម វង់
  14. លោក ថាច់ សាយ
  15. លោក ថាច់ ញៀន
  16. លោក ថាច់ ឃ្លាំង
  17. លោក គឹម វែន
  18. លោក គង់ សូត្រ ។ល។
ដោយខ្មាំងលបសម្លាប់




                                        1. លោក ថាច់ តួង
                                        2. លោក ឡាំ លី
                                        3. លោក ថាច់ ចាន់
                                        4. លោក សម ហ៊ឹម
                                        5. លោក ថាច់ សូរី
                                        6. លោក ថាច់ ជាយ
                                        7. លោក ត្រឹង ហឹម
                                        8. លោក គឹម ចក់
                                        9. លោក គឹម វៀង ។ល។

                                        យុទ្ធជនដែលបានពលីជីវិតនៅប្រ​ទេសកម្ពុជា




                                        1. លោក ព្រាប ឥន្ទ
                                        2. លោក ថាច់ យ៉ាំង
                                        3. លោក សៅ ង៉ុយ
                                        4. លោក ចៅ បរី
                                        5. លោក មធុរា
                                        6. លោក ថាច់ សីហា
                                        7. លោក ថាច់ ញើង
                                        8. លោក សំសាវ៉ាត
                                        9. លោក សាម សមេធ
                                        10. អាចាសរ្យ ប្រុក
                                        11. លោក ទាវ
                                        12. លោក សាន ។ល។

                                        យុទ្ធជនដែលបានបាត់ខ្លួន



                                        1. ថាច់ សុផល
                                        2. លោក ថាច់ វឿង ។ល។

                                        ក្រៅពីនេះនៅមានយុទ្ធជនចលនាពិសេស​ខ្មែរជាច្រើនរូបទៀត ដែលត្រូវ បានពលីជីវិតក្នុងពេល បំពេញបេសកម្មបំរើជាតិ ។

                                        ការឡើងធ្វើនាយករដ្ឋមន្ត្រីនៅប្រទេសកម្ពុជា​លើក ទី ២


                                        ការឡើងធ្វើនាយករដ្ឋមន្ត្រីនៅប្រទេសកម្ពុជា​លើក ទី ២ ពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ១៩៧២ ដល់ ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ១៩៧២។ ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ១៩៧០ នៅទីក្រុងភ្នំពេញ​សភាទាំងពីរ និងរដ្ឋាភិបាល ស្រោចស្រង់ជាតិ បាន​សម្រេចជាឯកច្ឆន្ទទម្លាក់ស្តេចសីហនុចេញ​ពី តំណែង ប្រមុខរដ្ឋខ្មែរ ដោយលោកសេនាប្រមុខលន់នល់ ។ ការទម្លាក់ សម្តេច នរោត្តម សីហនុ ចេញពីតំណែងសម័យនោះ ត្រូវបានគេមើល​ឃើញថា ដោយស្តេចសីហានុ បាន​គាំទ្រ​វៀតកុងនិងចិនប៉ែកាំងដោយឲ្យយួន កម្មុយនិស្ត យកទឹកដីប្រទេសកម្ពុជាធ្វើជាទីតាំងសមរភូមិ​ប្រយុទ្ធ នឹង យួនខាងត្បូងនិងអាមេរិកកាំង ។

                                        ក្រោយពីទម្លាក់សម្តេច នរោត្តម សីហនុចេញពីតំណែង​ប្រទេសកម្ពុជាបានប្តូរឈ្មោះទៅ ជាសាធារណរដ្ឋខ្មែរ​ហើយរបបថ្មីមួយនេះ ត្រូវបានតាំងនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ១៩៧០ ដល់ ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ។

                                        ថ្ងៃទី ២០ ខែមីនា ឆ្នាំ ១៩៧២ បណ្ឌិត សឺង ង៉ុក ថាញ់ បានឡើងធ្វើជាយក រដ្ឋមន្ត្រីម្តងទៀតនៅ​ក្នុងរបបសាធារណរដ្ឋខ្មែរនៃប្រទេសកម្ពុជា ។ សមសភាពរដ្ឋាភិបាលរបស់លោក នាពេល​នោះ រួមមាន រដ្ឋមន្ត្រីទី ១ មួយរូប ទេសរដ្ឋមន្ត្រី ៥ រូប​រដ្ឋមន្ត្រី ១១ ហើយរូបបលោកផ្ទាល់ត្រូវបានបំ ពេញតួ​នាទីជារដ្ឋមន្ត្រីទី ១ ផង និង រដ្ឋមន្ត្រីក្រសួងការបរ ទេសផង ។
                                        ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ១៩៧២ បណ្ឌិត សឺង ង៉ុក ថាញ់ បានសុំលាចេញពី តំណែងនៃរដ្ឋាភិបាល​សាធារណរដ្ឋខ្មែរ ហើយបានវិលត្រឡប់មករស់នៅ កម្ពុជាក្រោមធ្វើវិញ ។

                                        អវសានជីវិត


                                        អវសានជីវិតរបស់ បណ្ឌិត សឺង ង៉ុក ថាញ់ គឺស្លាប់នៅក្នុងគុកបក្សកុម្មុយនិស្តយួន ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ យួនកុម្មុយ និស្ត​ខាងជើងបានទទួលជ័យជំនះ លើរបប​យួនសេរី​ភាគខាងត្បូង ពួកគេបានចូលធ្វើអាណានិគមលើជន​ជាតិ ដើមខ្មែរក្រោមជំនួសយួនសេរីវិញ ។

                                        យោងតាម លិខិតជូនដំណឹងមរណៈ មួយ ច្បាប់ចេញពីក្រសួងមហាផ្ទៃបក្ស កុម្មុយនិស្តយួន ជូន ដល់ក្រុមគ្រួសារបណ្ឌិត សឺង ង៉ុក ថាញ់ ចុះថ្ងៃទី ០៨ ខែ កក្ដដា ឆ្នាំ ១៩៧៧ ថា បណ្ឌិត សឺង ង៉ុក ថាញ់ ត្រូវបានចាប់ខ្លួនៈថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ១៩៧៥ ចោទពីទោសៈធ្វើនាយករដ្ឋមន្ត្រីនៅកម្ពុជា ថ្ងៃខែឆ្នាំស្លាប់ៈថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ១៩៧៧ វេលាម៉ោងៈ១១ និង ៤០ នាទី កន្លែងស្លាប់ៈក្នុងគុកជីវ៉ា ( Trại Cải Tạo Chí Hòa ) អាយុៈ ៦៩ ឆ្នាំ ។

                                        សូមបញ្ជាក់ថា បណ្ឌិត សឺង ង៉ុក ថាញ់ កើតឆ្នាំ ១៩០៥ តែថ្ងៃខែឆ្នាំ ជាផ្លូវការគឺថ្ងៃទី ០៧ ធ្នូ ១៩០៨៕

                                        ឯកសារ​យោង​


                                        • សារព័ត៌មាន​ព្រៃ​នគរ
                                        • ព័ត៌មាន​មួយ​ចំនួន
                                        ឈ្មោះសឺង ង៉ុកថាញ់
                                        ថ្ងៃកំនើតថ្ងៃច័ន្ទ ១៤ កើត ខែមិគសិរ ឆ្នាំ រកា ឯកស័ក ព.ស.២៤៥២ ត្រូវនឹងថ្ងៃទី ០៧ ខែធ្នូ គ.ស.១៩០៨
                                        ស្រុកកំណើត​ភូមិគគីរក្រៅ​ ស្រុកកំពង់ធំ ខេត្តព្រះត្រពាំង(បច្ចុប្បន្នយួន)
                                        ឪពុកសឺង ណែវ អភិបាលខេត្តព្រះត្រពាំង
                                        ម្តាយថាច់ ធីតុប
                                        បង​ប្អូន​ប្រុសស្រី​7នាក់ និង​ 3នាក់​ទៀត​កូន​​ម្តាយ​ដើម​
                                        ភរិយាឡាំ ធីអ៊ុក(កូនស្រីទី១០)
                                        ឪពុក​ភរិយា​ឡាំ ទន់ មហាសេដ្ឋី
                                        ម្តាយ​ភរិយា​ត្រឹង ធី ស៊ុក
                                        កូន​ប្រុស​ស្រី​​4នាក់
                                        ស្លាប់​​​ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ១៩៧៧វេលាម៉ោងៈ១១ និង ៤០ នាទី(អាយុៈ៦៩ ឆ្នាំ)
                                        កន្លែង​ស្លាប់​​​ក្នុងគុកជីវ៉ា

                                        0 comments:

                                        Post a Comment